C

elebrityល្បី​ៗ​ ពុំ​មែន​កើត​មក​មាន​ទ្រព្យ​សម្បត្តិ​សម្បូរ​ហូរហៀរ​គ្រប់​គ្នា​នោះ​ទេ។ អ្នក​ខ្លះ ​កើត​មក​មាន​ស្រាប់​តែម្ដង ឬ​ទទួល​កេរ​មត៌ក​ពី​ឪពុក​ម្ដាយ​គេ​ចែក​ឲ្យ​ ប៉ុន្តែ​ក្នុងចំណោមនោះ មាន​អ្នក​ដែល​ខិត​​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង ​​ពឹង​លើ​​សមត្ថភាព​ខ្លួន​គេ​ផ្ទាល់​តែ​ម្ដង។ គេ​បាន​ហែល​ឆ្លង​ឧបសគ្គ​រាប់​មិន​អស់​ មាន​តាំង​​ពី​ល្វីង​ជូរចត់​កម្សត់​ទុគ៌ត ​និរាស​ព្រាត់ប្រាស ស៊ី​អត់​ស៊ី​ឃ្លាន មួយ​ចង្កេះ​ឆ្អេះ​នឹង​ខ្លួន រហូត​ដល់​អ្នក​ខ្លះ​គ្មាន​អ្វី​សម្រាប់​ជ្រក​កោន (homeless)។

ខាងក្រោម​នេះ​ ជា​បញ្ជី​ឈ្មោះ​បុគ្គល​ល្បីៗ ១0រូប​ ដែល​បាន​អភិវឌ្ឍ​ខ្លួន​ និង​រំដោះ​ខ្លួន​ពី​ភាព​ក្រីក្រតោកយ៉ាក​ (to free oneself from want) ឆ្ពោះ​ទៅ​រក​ត្រើយ​សុភមង្គល។ ​បុគ្គល​ល្បី​ៗ​ទាំង​អម្បាលម៉ាន​ខាង​ក្រោម​នេះ អតីតកាល​របស់​គេ​ ពុំ​មែន​ជា​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ធម្មតា​ទេ គឺ​ក្ររហាម​យក​តែ​មែនទែន ពោល​គឺ​ក្រ​រហូត​ដល់​ថ្នាក់​ ​​សូម្បី​គេហដ្ឋាន ឬ​ផ្ទះ​សម្បែង​​សមរម្យ​សម្រាប់​ជ្រក​ខ្លួន​ពួន​អាត្មា​ ​ក៏​គ្មាន​ដែរ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ អ្នក​អនាថា​គ្មាន​ទី​ជម្រក «The Homeless»។

១-ឆាលីឆេបភ្លីន ហៅ​សាក់ឡូ (Charlie Chaplin): ឆាលីឆេបភ្លីន ជួប​រឿង​និរាស​ព្រាត់​ប្រាស​តាំង​ពី​កុមារភាព ពោល​គឺ​អាយុ​មិន​ទាន់​ ១០ ឆ្នាំ​ផង ត្រូវ​ឪពុក​ស្លាប់​ចោល​​ ហើយ​ម្ដាយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត (mental hospital)។ ប្រឈម​នឹង​ស្ថាន​ភាព​បែប​នេះ ឆាលីឆេបភ្លីន ពីរ​នាក់​បងប្រុស​ គ្មាន​អ្នក​ណា​ជួយ​ទំនុក​បម្រុង​អ្វី​ទាំង​អស់​ពេល​នោះ គឺ​ដួល​ខ្លួន​ឯង ងើប​ខ្លួន​ឯង ត្រូវ​ប្រឹង​រស់​ទាំង​ត្រដាបត្រដួសដោយ​ខ្លួន​ឯង។ បច្ចុប្បន្ន ថ្វី​ត្បិត​លោក​បាន​ទទួល​មរណភាព ក៏​កេរ្តិ៍​ឈ្មោះ​របស់​លោក​ល្បី​រន្ទឺ​ពេញ​ពិភពលោក និង​ជា​តារា​សំដែង​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភព​ភាពយន្ត​ឥត​សំឡេង (silent film)។

២-តារាចម្រៀង​ជេនីហ្វឺឡូប៉េ (Jennifer Lopez): ពេល​នាង​ជេនីហ្វឺ​ឡូប៉េ អាយុ ១៨ ឆ្នាំ​ នាង​សម្រេច​ដើរ​ផ្សងព្រេង​ក្នុង​ពិភព​សិល្បៈ ព្រោះ​ចង់​ចាប់​អាជីព​ជា​អ្នក​រាំ​ ចំណែក​ម្ដាយ​របស់​នាង ​ចង់​ឲ្យ​នាង​រៀន​នៅ​មហាវិទ្យាល័យ​។ ដូចនេះ ​នាង​និង​ម្ដាយ​នាង​ មិន​ចុះ​សម្រុង​គ្នា​ កើត​ជា​រឿង​ប្រេះឆា​គ្នា​ រហូត​ដល់​មើល​មុខ​គ្នា​មិនចំ​។ អ្នក​ស្រី​​ក៏​ចាក​ចេញ​ពី​ម្ដាយក្នុង​គ្រា​នោះទៅ ហើយ​ទៅ​​ហាត់​រាំ​ក្នុង​ក្លិប​រាំ​មួយ​កន្លែង ដេក​តែ​លើ​សាឡុង​។ បច្ចុប្បន្ន​ អ្នក​ស្រី​ជេនីហ្វឺឡូប៉េ​អាយុ​ ៤៥ ឆ្នាំ។ ក្នុង​អាជីព​របស់​អ្នក​ស្រី អ្នក​ស្រី​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត វិស័យ​ចម្រៀង ផលិតករ​ភាពយន្ត(producer) និង​ជា​អ្នក​រចនាម៉ូត (designer) ហើយលោក​ស្រី​មាន​ទឹកប្រាក់​សរុប​ ៣៤០ លាន​ដុល្លារ។

៣-លោក​ជីមខេរី (Jim Carrey): តារា​កំប្លែង​របស់​ហូលីវូត (Hollywood) រូប​នេះ​ធ្លាប់​រស់​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​ ក្រោម​សំយ៉ាប​ផ្ទះគេ។ លោក​ជីម​ខេរី ឈប់​រៀន​តាំង​ពី​នៅ​ថ្នាក់​មធ្យម​សិក្សា​ម្ល៉េះ ហើយ​រក​ផ្ទះ​នៅ​គ្មាន​ទេ គឺ​នៅ​ក្នុង​សម្បក​រថយន្ត​វ៉ុលស្វាហ្គែន ដែល​គេ​បោះ​ចោល។ ក្រោយមក លោក​ទៅ​រស់​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​ក្រោម​សំយ៉ាប​ផ្ទះ​គេ។ លោក​ជីមខេរី ​ប្រាប់​ថា​គឺ​នៅ​ក្នុង​គ្រា​លំបាក​នោះ​​ហើយ ដែល​លោក​រៀន​សំដែង​ជា​តួ​កំប្លែង​ដោយ​ខ្លួន​ឯង ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ជីវិត បើ​មិន​​ដូច្នេះ​ទេ មុខ​តែ​ដេក​ស្លាប់​ដោយ​ដាច់​ពោះ​មិន​ខាន។

៤-អ្នកស្រី ហលបឺរី (Halle Berry): ធ្លាប់​មាន​ប្រវត្តិ​រស់​ក្នុង​មណ្ឌល​សម្រាប់ជនគ្មាន​ទី​ជម្រក។ លោកស្រី​កើត​នៅ​រដ្ឋ​អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ហើយ​​​ផ្លាស់​ទៅ​រស់​នៅ​ទីក្រុង​ឈីកាហ្គោ មុន​នឹង​ក្លាយ​ជា​តារាភាពយន្ត​។ កាលណោះ​ជីវិត​ពិត​ជា​ពិបាក​ណាស់ ម៉្យាង​រក​ប្រាក់​មួយ​កាក់​មួយ​សេន​គ្មាន​ គឺ​ដាច់​លុយ​តែម្ដង ហើយ​ម្ដាយ​របស់​អ្នកស្រី សុខ​ចិត្ត​ឲ្យ​អ្នក​ស្រី​រៀន​រស់​ រៀន​តស៊ូ​នឹង​ជីវិត​ដោយ​ខ្លួន​ឯង ដោយ​មិន​ផ្ដល់​ប្រាក់​ឲ្យ​អ្នក​ស្រី​ទេ។ អ្នកស្រី​ហលបឺរី​រៀបរាប់​ប្រាប់​ថា គឺ​ក្នុង​ដំណាក់កាល​នេះហើយ ​ដែល​​អ្នក​ស្រី​ពិបាក​ជា​ពន់​ពេក មិន​ដឹង​រក​កន្លែង​ស្នាក់​អាស្រ័យ​នៅ​ឯណា ម៉្យាង​គ្មាន​បង​ប្អូន សាច់​ញាតិ និង​មិន​ស្គាល់​អ្នក​ណា​សោះ អ្នក​ស្រី​ក៏​ទៅ​សុំ​កន្លែង​ស្នាក់​អាស្រ័យ​ក្នុង​មណ្ឌល​សម្រាប់​ជន​គ្មាន​ទី​ជម្រក (homeless shelter)។ រស់​នៅ​ទីនេះ អ្នកស្រី​រៀន​អំពី​មេរៀន​ជីវិត អ្នក​ស្រី​យល់​ដឹង​អំពី​វិធី​រៀន​រស់​ដោយ​ខ្លួន​ឯង ជាជាង​ពឹង​គេ ពោល​គឺ​ត្រូវ​តែ​ជម្នះ​គ្រប់​ឧបសគ្គ​ មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ។ អ្នក​ស្រីកាល​ណោះ រស់​នៅ​ក្នុង​ជម្រក​ដែល​មាន​បរិស្ថាន​មិន​សម​ប្រកប ពោល​គឺ​ក្លិន​ស្អុយ​គគ្រុក គឺ​ពេល​នោះ​ហើយ​ដែល​អ្នក​ស្រី​រៀន​សម្រេច​ចិត្ត​ (decision making) ដួល​ខ្លួន​​ឯង​ងើប​ខ្លួនឯង គ្មាន​អ្នក​ណា​ឲ្យ​ស៊ី​ទេ គឺ​ត្រូវ​រៀន​ម្ចាស់ការ​លើ​ខ្លួន​ឯង (self-control)។

៥-អ្នក​ចិត្ត​វិទ្យា​ដ៏​ល្បី​របស់​អាមេរិក លោក​ហ្វ៊ីលម៉ាក់ក្រ (Phil McGraw): កាលពី​អាយុ១២ឆ្នាំ លោក​ជា​កុមារ​អនាថា​ រក​ទីកន្លែង​ជ្រក​កោន​គ្មាន យក​សម្បក​រថយន្ត​ធ្វើ​ជា​ជម្រក។ លុះ​ធំ​ដឹង​ក្ដី លោក​ខំ​ប្រឹង​រៀន​រហូត​ដល់​ចប់​ថ្នាក់​បណ្ឌិត។ លោក​ជា​អ្នក​ចិត្ត​វិទ្យា​ដ៏​ចំណាន​ម្នាក់​ រហូត​ដល់​អ្នកស្រី​អូផ្រាវីនហ្វ្រ៊ី (Oprah Winfrey) អញ្ជើញ​លោក​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ទូរទស្សន៍ ហើយ​បច្ចុប្បន្ន​លោក​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ផ្លូវ​ចិត្ត​​ប្រចាំ​​កម្មវិធី​ទូរទស្សន៍។ ក្រៅពីនោះ លោក​ក៏​មាន​អាជីព​មួយ​ទៀត​ ជា​អ្នក​និពន្ធ​សៀវភៅ។